ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ រកឃើញស៊ុតមាន់២៥ ៣២០គ្រាប់ នាំចូលខុសច្បាប់ពីប្រទេសវៀតណាម តាមច្រកភ្នំដិន ខេត្តតាកែវ ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ។ នេះបើតាម លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បង្ហោះនៅលើទំព័រហ្វេសប៊ុក នាថ្ងៃទី២៦ ខែមីនា។
នៅថ្ងៃទី២៥ ខែមីនា មានរថយន្តមួយគ្រឿង ម៉ាកSANGYONG ISTANA ប្រភេទដឹកអ្នកដំណើរ១៥កៅអី បានដឹកស៊ុតមាន់២៥ ៣២០គ្រាប់ ចេញពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ បម្រុងយកទៅចែកចាយនៅភ្នំពេញ។ ម្ចាស់ស៊ុត និងអ្នកបើកបរម្នាក់ ត្រូវបានមន្ត្រីជំនាញ ឃាត់ខ្លួនបាននៅលើផ្លូវ៣០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ក្រុងភ្នំពេញ ក្រោយពីព្យាយាមបើករត់គេចពីសមត្ថកិច្ច តាំងចំណុចភ្លើងស្តុបបាគូរ។
លោក ហ៊ុន សារ៉េត បញ្ជាក់ថា ករណីនាំចូលស៊ុតមាន់ពីវៀតណាមខាងលើនេះ គឺមិនមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញនោះទេ។ បច្ចុប្បន្ន ក្រុមការងារ បាននាំយកវត្ថុតាងបទល្មើសទាំងនោះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ ប្រភព៖ ថ្មីៗ
\