ភ្នំពេញ ៖ ជនជាតិវៀតណាមបានលួចផលិតទឹកឃ្មុំ ស្ថិតនៅផ្ទះលេខ៧៦ ផ្លូវបេតុង ភូមិតាងៅកណ្ដាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងត្រូវបានសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាប កាលពីថ្ងៃទី១២ ខែកុម្ភៈ ២០២៥ ដោយរកឃើញទឹកឃ្មុំក្លែង.ក្លាយឬក្លែងបន្លំប្រមាណជិត២០តោន ។
យោងតាមការបញ្ជាក់ពីមន្ត្រីសមត្ថកិច្ចបានឱ្យដឹង នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសាខា ក.ប.ប បានបើកប្រតិបត្តិការចុះបង្ក្រាបនូវទីតាំងដែលលួចផលិតទឹកឃ្មុំ នៅទីតាំងខាងលើ ដោយមានការសម្របសម្រួលនីតិវិថីផ្ទាល់ពីសំណាក់លោក ឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ទីតាំងផលិតទឹកឃ្មុំក្លែងបន្លំនេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.,LTD ដែលមានថៅកែជាជនជាតិវៀតណាម ។
យោងតាមប្រភពឱ្យដឹងថា ជាលទ្ធផលនៃការបង្ក្រាបនេះ សមត្ថកិច្ចជំនាញបានរកឃើញទឹកឃ្មុំសរុបចំនួន ១៣០ធុង ដែលមានទម្ងន់សរុប ១៩ ៨៩០គីឡូក្រាម ខណៈទឹកឃ្មុំទាំងនោះ សង្ស័យជាផលិតផលក្លែងបន្លំប្រភព ។ បច្ចុប្បន្ន ព្រះរាជាអាជ្ញាធររងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដកហូតទឹកឃ្មុំប្រមាណជិត២០តោននោះ ជាបណ្ដោះអាសន្ន ដោយរក្សាទុកនៅក្នុងទីតាំងក្រុមហ៊ុន រួចធ្វើការបិទឃ្លុំ រីឯម្ចាស់ទីតាំងជនជាតិវៀតណាម និងអ្នកពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកាសួរបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដើម្បីបន្តនីតិវិធី ៕ ប្រភព៖ CMP